ទី១.មានច្រកអន្តរជាតិ៖នៅភាគខាងលិចខេត្តប៉ៃលិន
មានច្រកអន្តរជាតិមួយដែលមានព្រំប្រទល់ជាប់ស្រុកប៉ុងណាំរ៉នខេត្តចាន់ថ៍បុរីនៃព្រះរាជាណាចក្រថៃឡង់ដ៍
ដែលមានឈ្មោះថា“ច្រកអន្តរជាតិព្រំ”។ ច្រកអន្តរជាតិនេះ បានជួយដល់សេដ្ឋកិច្ចខេត្តយ៉ាងច្រើន
ដោយប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចធ្វើការប្រាស្រ័យទាក់ទង និងដោះដូរពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក
ហើយវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការនាំចេញកសិកផល
និងផលិតផលផ្សេងៗទៅកាន់ទីផ្សារប្រទេសថៃ
ដែលជាចំណែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តប៉ៃលិន។ តាមរយៈច្រកនេះ
ឃើញថាបានទាក់ទាញវិនិយោគិនទាំងជាតិ និងអន្តរជាតិ ឱ្យមកវិនិយោគធ្វើជាមឈ្ឈមណ្ឌលកម្សាន្ត
អាហារដ្ឋាន ឌីស្គូតែក សណ្ឋាគារ កាស៊ីណូ នៅក្បែរច្រកនោះ
ហើយបានបង្កើតការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែងផងដែរ។
ទី២.គោលដៅខេត្តទេសចរណ៍បៃតង៖ក្រោមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់
ជាពិសេសក្រោមដឹកនាំដ៏ឈ្លាសវ៉ៃរបស់លោកជំទាវបណ្ឌិត បាន ស្រីមុំ
អភិបាលនៃគណៈអភិបាលខេត្ត ខេត្តប៉ៃលិនបានប្រែមុខមាត់ថ្មី ស្រស់ស្អាត
និងពោរពេញទៅដោយធម្មជាតិស្រស់បំព្រងគួរជាទីគយគន់ក្រៃលែង។ លោកជំទាវបានបំផុតគំនិត
និងជំរុញរៀបចំកែលម្អរមណីដ្ឋានធម្មជាតិ, ការសម្អាតអនាម័យបរិស្ថានខេត្ត, ការដាំដើមឈើលម្អតាមដងផ្លូវ និងការរៀបចំតុបតែងលម្អភ្លើងតាមទីប្រជុំជនក្រុង-ស្រុក
ដែលទាំងអស់នេះជាការជម្រុញលើកស្ទួយមុខមាត់ខេត្ត និងកំពុងប្រែក្លាយខេត្តប៉ៃលិន
ឱ្យទៅជាខេត្តដែលមានធម្មជាតិបៃតង គួរជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
ចូលមកទស្សនា និងសម្រាកកម្សាន្ត។ ជាក់ស្តែងកាលពីឆ្នាំ២០២២ ក្រុងប៉ៃលិន បានឈ្នះពាន់រង្វាន់ក្នុងការប្រគួតប្រជែងទីក្រុងស្អាត
ដោយទទួលបានជ័យលាភីផ្ការំដួល២ទង ពីគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត
នៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលទាំងអស់នេះបានបង្ហាញឱ្យឃើញថា
ខេត្តប៉ៃលិននាពេលអនាគតនឹងក្លាយជាខេត្ត ដែលពោពេញទៅដោយធម្មជាតិបៃតង
និងការអភិវឌ្ឍន៍សម្រាប់សេវាកម្មទេសចរណ៍ ប្រកបដោយចីរភាព។
ទី៣.លក្ខណៈភូមិសាស្ត្រអំណោយផលផ្នែកកសិកម្ម៖ខេត្តប៉ៃលិនមានផ្ទៃដីធ្វើកសិកម្មសរុប ៤០៣ គ.ម២ ស្មើនឹង ៣៤% នៃផ្ទៃដីសរុប ហើយប្រជាជនពេញកម្លាំងប្រមាណ ៦១.៣៧% កំពុងប្រកបរបរកសិកម្មចំបង ដូចនេះហើយទើបសេដ្ឋកិច្ចរបស់ខេត្តមួយចំនួនធំពឹងផ្អែកខ្លាំងទៅលើការធ្វើកសិកម្ម ការដាំដុះ និងការចិញ្ចឹមសត្វជាដើម។ ដោយសារខេត្តប៉ៃលិនសំបូរទៅដោយជួរភ្នំ និងជាតំបន់ខ្ពស់រាបផង ទើបសណ្ឋានដីក្នុងខេត្តមានលក្ខណៈខុសប្លែកគ្នា ទៅតាមក្រុង-ស្រុក ហើយការធ្វើដំណាំកសិកម្មក៏មានភាពសំបូរបែបទៅតាមនោះដែរ ដោយប្រជាកសិករអាចដាំដំណាំបានស្ទើរគ្រប់ប្រភេទទៅតាមសណ្ឋានដី។
ទី១.បច្ចេកទេសកសិកម្មនៅមានកម្រិត៖
ប្រជាពលរដ្ឋក្នុងខេត្តជាងពាក់កណ្តាលដែលកំពុងប្រកបរបរកសិកម្មចំបង
ក៏ប៉ុន្តែចំណេះដឹងបច្ចេកទេសកសិកម្មរបស់ប្រជាកសិករនៅមានកំរិតក្នុងការជំរុញកំណើនទិន្នផល
គួបផ្សំជាមួយនឹងការអនុវត្តផលិតកម្មដំណាំកសិកម្មតាមទំលាប់ចាស់នៅឡើយ
ដូចជាការជ្រើសរើសពូជមិនសុទ្ធ ដីខ្វះជីជាតិ ការដាំដុះមិនទាន់រដូវកាល
ខ្វះបច្ចេកទេសក្នុងការដាំដុះ ខ្វះលទ្ធភាពទិញថ្នាំប៉ូវ ឬថ្នាំសម្លាប់សត្វល្អិត
និងប្រជាកសិករមិនសូវបានស្វែងយល់អំពីការប្រើប្រាស់ពូជថ្មីៗ, ការប្រើប្រាស់ថ្នាំកសិកម្ម
និងជីកសិកម្មឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងបច្ចេកទេសដាំដុះមិនទាន់មានបទដ្ឋានក្នុងការអនុវត្តបានច្បាស់លាស់ផងនោះ
ទើបធ្វើឱ្យទិន្នផលកសិកម្មនៅមានកម្រិតទាប
និងមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារបានគ្រប់គ្រាន់។ ជាមួយគ្នានេះ
ការខ្វះខាតគ្រឿងយន្តកសិកម្ម និងកម្លាំងពលកម្មពេលប្រមូលផលម្តងៗ
ក៏ជះឥទ្ធិពលលើជីវភាពរបស់ពួកគាត់ផងដែរ។
ទី២.ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅមានកម្រិត៖ បណ្តាញផ្លូវគមនាគមន៍
មានដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវជាតិ ស្ពាន លូ ជាដើម
គឺជាសរសៃរឈាមដំ៏សំខាន់ក្នុងការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិផលទៅកាន់ទីផ្សារ
និងជាឧបករណ៍ជួយជម្រុញកំណើនសេដ្ឋកិច្ចខេត្ត។ ជាក់ស្តែងខេត្តប៉ៃលិន មានប្រព័ន្ធគមនាគន៍តែមួយប្រភេទប៉ុណ្ណោះ
គឺមធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក ដោយពុំមានការដឹកជញ្ជូនតាមផ្លូវទឹក ឬផ្លូវដែកនោះទេ។
លើសពីនេះ ផ្លូវលំជនបទក្នុងខេ្តតជាច្រើននៅត្រូវការស្ថាបនា និងជួសជុលឡើងវិញផងដែរ។
ទី៣.ប្រព័ន្ធធារាសាស្ត្រនៅមានកម្រិតទាប៖ ប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រ គឺជាប្រភពចំបង និងមានសារៈសំខាន់បំផុតសម្រាប់វិស័យកសិកម្ម រាប់ទាំងដំណាំស្រូវប្រាំង និងដំណាំយុទ្ធសាស្ត្រផ្សេងៗ។ កង្វះខាតប្រព័ន្ធធារាសាស្រ្ត ដែលរួមមានប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផលដំណាំកសិកម្ម និងប្រព័ន្ធរំដោះទឹកពីការលិចលង់ បានធ្វើឱ្យកសិផលក្នុងខេត្តទទួលការគំរាមកំហែងពីការលិចលង់ និងខាតបង់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ពិសេសនៅរដូវប្រាំង ដោយសារទីតំាងភូមិសាស្ត្រនៅតាមបណ្តាភូមិខ្លះមិនអាចកសាងប្រភពទឹកបាន និងទីតំាងតាមបណ្តាភូមិខ្លះមានទឹកមិនគ្រប់គ្រាន់។"
ទី១.ការវិនិយោគវិស័យកសិ-ឧស្សាហកម្ម៖ បច្ចុប្បន្ន ផលិតផលកសិកម្មមិនទាន់កែច្នៃភាគច្រើន ត្រូវបាននាំចេញទៅលក់នៅក្រៅខេត្ត និងមួយភាគបាននាំចេញទៅកាន់ទីផ្សារប្រទេសជិតខាង ដែលធ្វើឱ្យកសិផលទាំងនោះមានការប្រគួតប្រជែងខ្លាំង និងមិនសូវលក់បានតម្លៃថ្លៃ បើប្រៀបធៀបនឹងផលិតផលកែច្នៃរួចនាំចេញទៅលក់នៅទីផ្សារបរទេស។ ហេតុដូចនេះ យើងត្រូវការរោងចក្រកែច្នៃផសិតផលកសិកម្មតាមរយៈការវិនិយោគបែបសហគ្រាសធុនតូចឬមធ្យមបន្ថែមទៀត ដើម្បីកែច្នៃកសិផលក្នុងខេត្តឱ្យអស់សក្តានុពល។
ទី២.មានកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ៖ ដូចគ្នាទៅនឹងបណ្តារខេត្តជាប់ព្រំដែនព្រះរាជាណាកច្រថៃមួយ ចំនួនទៀត ខេត្តប៉ៃលិនតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ទាំងផ្នែកអប់រំ សន្តិសុខ សុខភាពសាធារណៈ និងពាណិជ្ជកម្មផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ បានបង្ករលក្ខណៈងាយស្រួលជាច្រើនដល់ប្រជាជននៅ តាមព្រំដែនប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។ តាមរយៈអនុសារណៈយោគយល់គ្នា ភាគីទាំងពីរក៏បានសហការជួយគ្នាក្នុងការទប់ស្កាត់បទល្មើសឆ្លងដែននានា ដូចជាបទល្មើលគ្រឿងញៀន,បទល្មើសទំនិញក្លែងក្សាយ និងបទល្មើសព្រៃឈើជាដើម។ ភាគីទាំងពីរតែងតែមានជំនួបពិភាក្សាគ្នា ដើម្បីរឹតចំណងសាមគ្គី និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរថែមទៀត ។
ទី៣.ការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍៖ ដោយអនុវត្តតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ស្តីពីការជម្រុញកំណើនទេសចរណ៍ និងបង្កើនតម្លៃបន្ថែមតាមរយៈវិស័យទេសចរណ៍ ខេត្តប៉ៃលិនបានខិតខំពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ដូចជាការជម្រុញផ្សព្វផ្សាយនិងអប់រំបណ្តុះបណ្តាលទេសចរណ៍ ការអនុវត្តស្តង់ដាទេសចរណ៍ ការសិក្សាទីផ្សារបង្កើតតំបន់ទេសចរណ៍ថ្មីៗ ការបង្កើនផលិតផលទេសចណ៍ថ្មីៗជាដើម។"
ទី១.ការប្រែប្រួលអាសធាតុ៖
ដោយសារការធ្វើកសិកម្មមួយផ្នែកធំពឹងលើធម្មជាតិ ដូចជាការដាំដុះពោត ដំឡូងមី
ដំណាំឈើហូបផ្លែមួយចំនួន ត្រូវការទឹកជាចាំបាច់
ហើយការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានគ្រោះរាំងស្ងួតខ្វះខាតទឹកនៅរដូវប្រាំង
និងទឹកជំនន់ស្ទើររៀងរាល់ឆ្នាំនៅរដូវវស្សា ដែលធ្វើឱ្យខូចខាតផលដំណាំ ផ្លូវថ្នល់
ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ បាតុភូតធម្មជាតិផ្សេងៗដូចជា ទឹកជំនន់ ខ្យល់គួច ខ្យល់កន្រ្តាក់ និងរន្ទះ
បានក្លាយជាកត្តាគំរាមកំហែងដល់កិច្ចការអភិវឌ្ឍន៍ ដែលខេត្តជួបប្រទះកន្លងមក
និងបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ខូចខាតផលដំណាំ
ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទ្រព្យសម្បត្តិសាធារណៈផ្សេងៗ
និងប៉ះពាល់ដល់សេដ្ឋកិច្ចខេត្តផងដែរ។
ទី២.ការកើនឡើងនៃតម្លៃប្រេងនិងអតិផរណា៖ ដោយសារវិបត្តិនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
និងការប្រគួតប្រជែងគ្នារវាងប្រទេសមហាអំណាច បានធ្វើឱ្យសេដ្ឋកិច្ចតំបន់
ក៏ដូចជាសេដ្ឋកិច្ចពិភពលោក រងនូវហានិភ័យគួរឱ្យព្រួយបារម្ភជាខ្លាំង។ ជាមួយនឹងតម្លៃប្រេងនៅលើពិភពលោក
មានការកើនឡើងយ៉ាងគំហុក បានធ្វើឱ្យតម្លៃទំនិញ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់
និងសេវាកម្មស្ទើរគ្រប់ប្រភេទ មានការកើនឡើងផងដែរ ហើយបានធ្វើឱ្យប្រទេសជាច្រើននៅលើពិភពលោក
ជួបប្រទះនូវវិបត្តិអតិផរណា។ សព្វថ្ងៃតម្លៃទំនិញ សម្ភារប្រើប្រាស់ចាំបាច់មួយចំនួន
ក្នុងប្រទេសកម្ពុជាក៏មានការកើនឡើងខ្លាំងផងដែរ ជាពិសេសតម្លៃចំណីអាហារ
គ្រឿងឧបភោគបរិភោគ ជីថ្នាំកសិកម្ម ពូជដំណាំ ជាដើម។
ប៉ុន្តែបើក្រឡេកមើលទៅលើតម្លៃកសិផល និងតម្លៃសាច់សត្វចិញ្ចឹមហាក់នៅមានភាពជាប់គាំង
និងធ្លាក់ថ្លៃ ដែលកត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាព
និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ទី៣.ការប្រឈមលើទីផ្សារនាំចេញកសិផល៖ដោយសារតែកត្តាតម្រូវការទីផ្សារក្នុងស្រុកនៅមានលក្ខណៈតូចចង្អៀត ទើបផលិតផលកសិកម្មក្នុងខេត្តភាគច្រើនត្រូវពឹងលើទីផ្សារប្រទេសជិតខាងដើម្បីនាំចេញ ដូចជាប្រទេសថៃ និងប្រទេសវៀតណាមជាដើម។ ការពឹងផ្អែកលើទីផ្សារបរទេសខ្លាំងនេះហើយ បានធ្វើឱ្យការនាំចេញផលិតផលកសិកម្ម ជួបប្រទះនូវបញ្ហាជាច្រើន ដូចជាតម្លៃនៃការនាំចេញកសិផលមានភាពមិនច្បាស់លាស់ដែលបណ្តារមកពីឈ្មួញកណ្តាល ឬឈ្មួញក្រៅប្រទេសបង្អាប់តម្លៃ, ការនាំចេញត្រូវការបំពេញលក្ខខណ្ឌច្រើនទាំងផ្នែកគុណភាពនិងសុវត្តិភាព ដើម្បីស្របតាមស្តង់ដាររបស់ប្រទេសគេ, ការបិទផ្អាកការនាំចូលកសិផលខ្មែរ នៅពេលប្រជាជនគេដល់រដូវប្រមូលកសិផលដែរ។ ដោយសារតែកត្តាទាំងនេះហើយ បានធ្វើឱ្យប្រជាកសិករខេត្តប៉ៃលិនតែងតែកើតក្តីព្រួយបារម្ភរៀងរាល់ពេលចូលដល់រដូវប្រមូលផលម្តងៗ។ "